កម្មវិធីនេះធ្វើឡើងនាព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីលោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម រួមជាមួយនិងលោកបូជាចារ្យ បងស្រី គ្រីស្តបរិស័ទ និងយុវជនយុវនារីយ៉ាងច្រើនកុះករនៅក្នុងតំបន់នីមួយៗភូមិភាគកំពង់ចាម។
មុនពេលចាប់ផ្តើមបើកកម្មវិធី អភិបូជាអរព្រះគុណព្រះជាម្ចាស់ បន្តចូលឆ្នាំព្រះមហាករុណាទិគុណ និងខួបសន្ត អន់ដ្រេ ជាឧបការីព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម ។ លោកបូជាចារ្យ ឡាយ ប៉ូល ជាអ្នកទទួលខុសត្រូវព្រះសហគមន៍តំបន់ស្វាយរៀង បានធ្វើការពន្យល់អំពីប្រវត្តិសាស្រ្តខ្លះៗអំពីការកកើតនៃព្រះសហគមន៍តំបន់កំពង់ចាម ជាពិសេសគឺប្រវត្តិរបស់លោកអភិបាល អន់ដ្រេ ឡឺស៊ូអែហ្វ ជាអភិបាលព្រះសហគមន៍កាតូលិកដំបូងគេបង្អស់នៅក្នុងភូមិភាគកំពង់ចាម ដែលបានចងក្រងសៀវភៅឡើងដោយលោកបូជាចារ្យ វ៉ូសាំង សេរ៉ាល់ ។
នៅក្រោយពេល លោកបូជាចារ្យ ឡាយ ប៉ូល ធ្វើការពន្យល់អំពីប្រវត្តិរួចមក គឺលោកបានចោទជាសំណួរទៅកាន់បងប្អូនគ្រីស្តបរិស័ទទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងអង្គពិធីថា “តើព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាមកើតឡើងនៅឆ្នាំណា?” លោកបន្តថា ព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាមរបស់យើងកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៦៨ ។
លោកបូជាចារ្យ ឡាយ ប៉ូល បានបញ្ជាក់បន្ថែមថា ព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម គឺយើងមានលោកអភិបាលចំនួន៤នាក់មកហើយ។ ទី១គឺលោកអភិបាល អន់ដ្រេ ឡឺស៊ូអែហ្វ ទី២គឺលោកអភិបាល អន់តូនី សាម៉ីស៊ូសៃរាជ្យ ទី៣លោកអភិបាល ប្រ៊ុណូ កូសម៍ និងទី៤ លោកអភិបាល សិលា សួន ហង្សលី ជាអភិបាល ព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាមនាពេលបច្ចុប្បន្ន ។ លោកបន្តថា គ្រីស្តបរិស័ទពីដើមមានចំនួនប្រហែល៤ម៉ឺននាក់(៤០,០០០) នាក់ ។
ថ្លែងនៅក្នុងកម្មវិធីអភិបូជានោះផងដែរ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម បានមានប្រសាសន៍ថ្លែងទៅកាន់បងប្អូនគ្រីស្តបរិស័ទ ដែលបានអញ្ជើញចូលរួមនោះថា បងប្អូនជាទីស្រលាញ់! នៅព្រឹកនេះយើងប្រារព្ធពិធីអភិបូជាយ៉ាងឱឡារិក ដើម្បីអរព្រះគុណព្រះជាម្ចាស់ សម្រាប់ឆ្នាំនៃការអធិដ្ឋាន ដែលយើងបានធ្វើដំណើររួមជាមួយគ្នាកន្លងមក ។ និងនៅក្នុងថ្ងៃនេះដែរ យើងប្រារព្ធពិធីអភិបូជាដើម្បីឆ្លងពីឆ្នាំអធិដ្ឋាន ចូលទៅឆ្នាំព្រះមហាករុណាទិគុណ ម្យ៉ាងយើងអភិបូជាដូចជាបើកឆ្នាំព្រះមហាករុណាទិគុណសម្រាប់ភូមិភាគកំពង់ចាមរបស់យើង ។
លោកអភិបាលបន្តទៀតថា នៅក្នុងឱកាសយើងប្រារព្ធពិធីបុណ្យសន្ត អន់ដ្រេ ដែលជាឧបការីរបស់ភូមិភាគយើង ដូច្នេះ យើងអរព្រះគុណព្រះអង្គសម្រាប់ថ្ងៃនេះ និងនៅក្នុងអភិបូជានេះ ឱ្យយើងនឹកឃើញដល់ទុក្ខលំបាកទាំងឡាយដែលពិភពលោកជួប ទុក្ខលំបាកដែលយើងមាននៅក្នុងជីវិតរបស់យើង នៅក្នុងប្រទេសកម្ពុជាយើង។ យើងអធិដ្ឋាននៅក្នុងអភិបូជានេះ សូមព្រះអង្គប្រទានពរ និងប្រទានឱ្យមានសេចក្តីសុខនៅក្នុងពិភពលោក និងនៅក្នុប្រទេស និងនៅក្នុងព្រះសហគមន៍របស់យើង ។ ពេលណាយើងចូលនៅក្នុងអភិបូជា គឺយើងមកជួបព្រះយេស៊ូ យើងមកទទួលព្រះយេស៊ូនៅក្នុងជីវិតរបស់យើង ឱ្យយើងនឹកឃើញថា ជីវិតរបស់យើងក៏មានអំពើបាប ហើយយើងសុំព្រះអង្គលើកលែងទោសឱ្យយើងតាមរយៈទឹកព្រះពរ ដែលយើងនឹងបាចនៅពេលនេះ។ ហើយខ្ញុំនឹងសូមព្រះអង្គមេត្តាប្រទានពរនៅលើទឹកដែលយើងបាចនៅលើយើង ព្រមទាំងអគារ ដែលយើងហៅថាដំបូលថ្មីរបស់យើង និងក្លោងទ្វារថ្មីរបស់យើងផងដែរ ។
លោកអភិបាល សិលា សួន ហង្សលី បន្ទាប់ពីមានប្រសាសន៍រួចមក លោកអភិបាល បានចាប់ផ្តើមធ្វើពិធីប្រសិទ្ធិពរនៅលើទឹក បន្ទាប់មកលោកអភិបាល បានចាប់ផ្តើមប្រោះព្រំទៅលើដំបូលអគារដែលទើបតែសាងសង់រួច ប្រោះព្រំទៅលើបងប្អូនគ្រីស្តបរិស័ទ ជាពិសេសគឺប្រោះព្រំទៅលើក្លោងទ្វារដែលទើបតែសាងសង់រួចថ្មីៗផងដែរ។ គឺដើម្បី សុំឱ្យអស់បងប្អូនដែលធ្វើដំណើរឆ្លងកាត់នៅខាងក្រោមក្លោងទ្វារនេះទទួលបាននូវសុខសុវត្ថិភាពគ្រប់ពេលវេលា ។
ថ្លែងនៅក្នុងធម្មទេសនា លោកអភិបាល សិលា សួន ហង្សលី បានដកស្រង់ពីអត្ថបទព្រះគម្ពីរដំណឹងល្អ ទាក់ទងទៅនឹងព្រះយេស៊ូបានត្រាស់ហៅសាវ័កដំបូង ដែលសាវ័កដំបូងគេគឺលោក អន់ដ្រេ ជាមួយនិងលោកស៊ីម៉ូនសិលា ជាបងប្អូនកំពុងតែនេសាទត្រី ហើយព្រះយេស៊ូបានត្រាស់ហៅថា “សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ” ក្រោយមកទាំងពីរអ្នកក៏ធ្វើដំណើរតាមព្រះយេស៊ូភ្លាម និងពីរនាក់បន្ទាប់ទៀតយ៉ាកុប និងយ៉ូហានដែរនៅក្នុងថ្ងៃនេះ ។
លោកអភិបាល សិលា សួន ហង្សលី បានប្រាសាសន៍បញ្ជាក់ថា ខ្ញុំចង់និយាយអំពីសន្ត អន់ដ្រេ ដែលជាឧបការីរបស់ភូមិភាគកំពង់ចាមយើង ដូច្នេះ យើងគួរតែស្វែងយល់អំពីសន្ត អន់ដ្រេ ដែលយើងបានស្តាប់ លោកពុក ឡាយ ប៉ូល បានបង្ហាញយើងតាមរយៈប្រវត្តិ ដែលលោកឱពុក សេរ៉ាល់បានរៀបចំទុកឱ្យយើង។
លោកអភិបាល សិលា សួន ហង្សលី បានចោទជាសំណួរនៅក្នុងធម្មទេសនានោះថា “តើក្នុងអត្ថបទនេះ បង្ហាញអំពីលក្ខណៈរបស់សន្ត អន់ដ្រេយ៉ាងដូចម្តេច ?” លោកអភិបាល មាន៣ចំណុចដើម្បីចែករំលែក។ ចំណុចទី១ ព្រះយេស៊ូត្រាស់ហៅភ្លាម គឺលោកអន់ដ្រេទៅតាមភ្លាម ចំណុចទី២ ណែនាំឱ្យបងប្អូនដែលយើងជួប បានស្គាល់ព្រះគ្រីស្ត ហើយទទួលស្គាល់ព្រះគ្រីស្ត ហើយគេទទួលជីវិតពីព្រះគ្រីស្តដែរ ចំណុចទី៣ ធ្វើជាគំរូដូចសន្ត អន់ដ្រេ និងរួបរួមគ្នាជាថ្លុងតែមួយ ។
បងប្អូនជាទីស្រលាញ់! នៅពេលនេះយើងកំពុងតែរៀបចំខ្លួនដើម្បីចូលឆ្នាំព្រះមហាករុណាទិគុណ ។ “តើឆ្នាំព្រះមហាករុណទិគុណ ជាឆ្នាំអ្វី” ? តាមពិតជាឆ្នាំដែលយើងនឹងទទួលព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់ពីព្រះជាម្ចាស់។ លោកអភិបាល បានបញ្ជាក់បន្ថែមថា ឆ្នាំព្រះមហាករុណាទិគុណនោះ ជាឆ្នាំមួយដែលយើងនឹងទទួលការប្រោះប្រណីពីព្រះជាម្ចាស់ មានន័យថាគឺទទួលការលើកលែងទោសពីអំពើបាប មិនគ្រាន់តែរួចពីបាប ប៉ុន្តែរួចពីទោសដោយសារអំពើបាបរបស់យើង ។
លោកអភិបាល បន្តថា ហើយនេះជាឆ្នាំមួយដែលសម្តេចប៉ាបបានប្រកាស ដើម្បីឱ្យយើងចូលទៅក្នុងឆ្នាំនេះ យើងទទួលការលើកលែងទោស ឱ្យរួចពីបាប ឱ្យរួចពីទោសដែលយើងមាននោះ ហើយឱ្យយើងបានបរិសុទ្ធ បានជិតស្និទ្ធជាមួយព្រះជាម្ចាស់ ។ ដូច្នេះ នៅក្នុងអភិបូជានេះ ជាឱកាសមួយដែលណែនាំឱ្យយើងរិះគិតពិចារណា អំពីព្រះសហគមន៍ នៅក្នុងកន្លែងរបស់យើងនីមួយៗ ព្រះសហគមន៍នៅក្នុងភូមិភាគរបស់យើង ។ តើឆ្នាំបន្ទាប់នេះ យើងនឹងធ្វើដំណើរយ៉ាងដូចម្តេច ? ដើម្បីទទួលព្រះពរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់សម្រាប់ជីវិតរបស់យើង។ ប្រសិនបើយើងមិនមានអ្នកណាទៅប្រកាសដំណឹងល្អ តើមានអ្នកណាដែលអាចឮព្រះបន្ទូលរបស់ព្រះអង្គ ប្រសិនបើអត់មានអ្នកណាបានឆ្លើយតបនិងការត្រាស់ហៅ តើធ្វើដូចម្តេចដើម្បីមានអ្នកប្រកាសដំណឹងល្អ ប្រសិនបើគ្មានអ្នកចាត់ តើមានអ្នកទៅប្រកាស់ឱ្យគេស្តាប់ ។ សូមព្រះអង្គជួយណែនាំយើងនៅក្នុងឆ្នាំបន្ទាប់នេះ ដើម្បីឱ្យព្រះសហគមន៍យើងអាចមានអ្នកបំពេញបេសកកម្មប្រកាសដំណឹងល្អ កាន់តែច្រើនឡើង ។
ជាចុងបញ្ចប់នៃកម្មវិធី លោកអភិបាល សិលា សួន ហង្សលី បានឆ្លៀតឱកាសធ្វើការថ្លែងអំណរគុណ ដល់លោកបូជាចារ្យ ស្ទេផាន សែសាត ជាអ្នកទទួលខុសត្រូវព្រះសគមន៍តំបន់កំពង់ចាម បងស្រី គណៈកម្មការ ក្រុមចម្រៀង និងភ្លេង ចុងភៅ សិស្សានុសិស្ស និងបងប្អូនដែលបានអញ្ជើញមកពីគ្រប់តំបន់នីមួយៗក្នុងភូមិភាគកំពង់ចាម ។ ព្រមទាំងចែកជូននូវសៀវភៅប្រវត្តិរបស់សន្ត អន់ដ្រេមួយក្បាល សៀវភៅសម្រាប់អធិដ្ឋានមួយក្បាល ក្រដាសតូចមួយដែលនិយាយអំពីអត្ថន័យនៃមេដាយ និងទទួលបណ្តោងមេដាយអស្ចារ្យក្នុងម្នាក់ទទួលបានមួយសម្រាប់ពាក់ដើម្បីទទួលការថែររក្សាពីព្រះនាងម៉ារី ដែលមានពណ៌ប្រាក់ និងពណ៌មាស ។
អត្ថបទដោយ៖ ដាំ សុដា