លោកយ៉ូហាន បាទីស្ត ប្រាក់ប៊ុនហុងជាបេក្ខជនដំបូងគេចេញពីទឹកដីភាគឥសាន្ត ខេត្តមណ្ឌលគីរីជាជនជាតិដើមភាគតិច(ព្នង) ក្នុងការថ្វាយខ្លួទៅព្រះជាម្ចាស់ក្នុងមុខងាជាឧបដ្ឋាកដើម្បីត្រៀមខ្លួនជាបូជាចារ្យនាពេលខាងមុខ។
នៅទីបំផុតលោកប្រាក់ប៊ុន ហុង បានទទួលសម្រេចក្តីស្រម៉ៃរបស់ខ្លួនក្នុងការស្ម័គ្រចិត្តថ្វាយខ្លួនបម្រើព្រះជាម្ចាស់ដោយអំណរបន្ទាប់ពីលោកបានទទួលពិធីតែងតាំងជាឧបដ្ឋាកកាលពីថ្ងៃអង្គារ ទី៣០ ខែវិឆ្ឆកា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកអភិបាលអូលីវីយេ ជ្មីតអ៊ីស្លែ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាលប្រ៊ុយណូ កូសម៍ អភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម និងលោកអភិបាល អេនរីគេ ហ្វីហ្គារេដូ អភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង រួចមជាមួយអស់លោកបូជាចារ្យ បងប្រុស បងស្រី និងតំណាង គ្រីស្តបរិស័ទអន្តរភូមិភាគប្រមាណ២០០នាក់។
ពិធីប្រព្រឹត្តទៅនៅព្រះសហគមន៍សន្តយ៉ូសែប ក្តុលលើដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តុលលើឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
តាមប្រសាសន៍របស់លោកប្រ៊ុយណូកូសម៍ អភិបាលព្រះសគមន៍កាតូលិកភូមិភាគកំពង់ចាមបានឲ្យដឹងថា៖”បន្ទាប់ពីទទួលពិធីតែងតាំងជាឧបដ្ឋាកបងប្រុសយ៉ូហាន បាទីស្ត ប្រាក់ប៊ុនហុង នឹងត្រូវទទូលមុខងាទៅជួយបម្រើព្រះសហគមន៍តំបន់រតនៈគីរី រូមទាំងបំពេញកិច្ចការប្រកាសដំណឹងល្អ អប់រំជំនឿ និងចូលរួមពិធីផ្សេងៗក្នុងព្រះសហគមន៍តាមការចាត់តាំងរបស់លោកអភិបាលភូមិភាគ និងក្រោមការណែនាំពីបូជាចារ្យប្រចាំតំបន់រតនៈគីរីគឺលោកបូជាចារ្យអ៊ីវ៉ាន់ កាំប៉ាញ៉ា។ឧបដ្ឋាកថ្មីនឹងត្រូវរស់នៅយ៉ាងជិតស្និតជាមួយព្រះសហគមន៍ ស្វែងយល់បន្លែម ពីជីវិតជាអ្នកបួស ស្តាប់បង្គាប់ និងថែរក្សាជំនឿរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន”។
លោកប្រាក់ប៊ុន ហុង កើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៨៦ មានស្រុកកំណើតនៅក្នុងភូមិប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី មានបងប្អូនចំនួន៧នាក់ ប្រុស៤នាក់ និងស្រី២នាក់ លោកជាកូនទី៤ ឪពុកម្តាយ ជាកសិករ។
ក្នុងថ្ងៃដ៏សែនរំភើបក្នុងជីវិតរបស់ខ្លួនលោកឧបដ្ឋាកថ្មីបានឲ្យដឹងពីអារម្មរណ៍របស់ខ្លួនថា”ខ្ញុំមានអំណរសប្បាយយ៉ាងខ្លាំង ដោយសារអ្វីដែលខ្ញុំខិតខំប្រឹងប្រែក តស៊ូជាច្រើនឆ្នាំបានចេញផ្លែផ្កា វាជាភាពជោគជ័យមួយជំហានយ៉ាងធំសម្រាប់ជីវិតខ្ញុំ”។
បងប្រុសហុងបន្ថែមថា៖”ខ្ញុំបានត្រៀមខ្លួនយ៉ាងពេញលេញ រហូតគេងមិនលក់ដោយសារនេះជាពិធីយ៉ាពិសេសដែលក្នុងមួយជីវិតគឺមានតែម្តង នេះមានន័យថាខ្ញុំស្ម័គ្រចិត្តទាំងស្រុង ទាំងជីវិត ចិត្តគំនិត និងស្មារតីដើម្បីជួយបម្រើព្រះសហគមន៍ក្នុងការប្រកាស់ដំណឹងល្អគ្រប់កន្លែងដែលខ្ញុំទៅដល់ដោយយកគំរូអំពីព្រះជន្មនៃការលះបង់និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូគ្រីស្ត”។
លោកឧបដ្ឋាកថ្មីសូមឲ្យយុវជនយុវនារីដែលមានបំណងចង់ស្វែងយល់អំពីជីវិតជាអ្នកបួសក្នុងព្រះសហគមន៍កាតូលិកត្រូវក្លាហា ប្រើសេចក្តីស្រឡាញ់ ទឹកចិត្តដែលចង់ជួយពិតៗក្នុងការប្រកាសដំណឹងល្អ ហើយហ៊ានឆ្លើយតបការត្រាសហៅរបស់ព្រះជាម្ចាស់តាមរយៈអ្នកក្រីក្រ អ្នកជម្ងឺ និងអ្នកដែលត្រូវគេបោះបង់ចោល-ល-។
លោកឧបដ្ឋាកយ៉ូហាន បាទីស្តប្រាក់ ប៊ុនហុង បានទទូលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០០៧នៅព្រះសហគមន៍កំពង់ចាមរួមជាមួយបេក្ខជនផ្សេងទៀត។លោកបានចូលស្វែងយល់នៅផ្ទះទេវវិទ្យាល័យភ្នំពេញអំពីជីវិបូជចារ្យនៅឆ្នាំ២០១៤ និងបានបញ្ចប់ការសិក្សានៅទេវវិទ្យាល័យក្នុងឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថាសព្វថ្ងៃព្រះសហគមន៍កាតូលិកភូមិភាគំពង់ចាមមានបូជាចារ្យជាជន្មជាតិខ្មែរចំនួន៣នាក់ ឧបដ្ឋាកម្នាក់ និងបងស្រីជនជាតិខ្មែរ៦នាក់ ដោយឡែកមានបងប្រុសប្រាក់ប៊ុនហុង និងបងស្រីក្លារ៉ា ពេន ហ៊ីល ជាជនជាតិដើមភាគតិច(ព្នង)។
ដោយ៖រឿន ស្រីម៉ាច